ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ស្នើឱ្យនារីទាំងអស់ ត្រូវមានភាពក្លាហាន ក្នុងការចូលរួមនៅក្នុងសង្គម ទាំងវិស័យការងាររដ្ឋ និងឯកជន ដើម្បីទទួលបានប្រាក់កម្រៃស្មើៗគ្នា

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្នើសុំឲ្យនារីទាំងអស់ ត្រូវបង្កើនសមត្ថភាព និងមានភាពក្លាហាន ក្នុងការចូលរួមនៅក្នុងសង្គម ទាំង វិស័យការងាររដ្ឋ និងវិស័យការងារឯកជន ក្នុងនាមពលរដ្ឋស្មើភាពគ្នា ដើម្បីទទួលបានប្រយោជន៍ពីសង្គម ក៏ដូចជាទទួលបានប្រាក់កម្រៃជាដើម។
ការស្នើសុំនេះ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល និងផ្តល់ជាកាដូ ព្រមទាំងវត្ថុអនុស្សារីយ៍ជូនដល់មន្ត្រីរាជការជានារី ក្នុងជួររចនាសម្ព័ន្ធសាលាខេត្តកំពង់ធំ អបអសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” នាព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២២។
នាឱកាសនោះឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា ស្ត្រី ត្រូវបានប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកតម្តើងស្រ្តីឲ្យមានសមត្ថភាពនៅក្នុងសង្គម ទាំងវិស័យការងាររដ្ឋ និងវិស័យកាងារឯកជន ជាពិសេស បានផ្តល់ឱកាសដល់មន្ត្រីរាជការជាស្ត្រី ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលកាន់មុខតំណែង មានភាពស្មើរគ្នានឹងបុរស។ លើសពីនេះទៀត ប្រមុខរាជរដ្ឋាភិបាល និងដៃគូរនានា កំពុងយកចិត្តទុកដាក់ក្នុងការការពារស្ត្រី និងកុមារ តាមរយៈកម្មវិធីជាច្រើន ដូចជា ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ គ្រប់រូបភាព។
ចុងក្រោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់អាជ្ញាធរក្រុងស្រុក ក៏ដូចជាមន្ត្រីពាក់ព័ន្ធ បន្តរួមគ្នាដើម្បីពង្រឹងផ្សព្វផ្សាយឲ្យអស់លទ្ធភាពនូវវិធានការច្បាប់ ផ្សព្វផ្សាយឲ្យបានច្រើន ធ្វើយ៉ាងណា ត្រូវកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារនៅក្នុងមូលដ្ឋាន ហើយអំពើហិង្សានេះធ្វើឲ្យប៉ះពាល់ដល់ស្ត្រី និងកុមារ បាត់បង់ការសិក្សារៀនសូត្រ ក៏ដូចជាក្មេងកំព្រាជាដើម៕